Saturday, April 13, 2013

Facebook Home ​អាចទាញ​យកប្រើ​បាន​ហើយ

ដូច​ការ​រំពឹង​ទុក​ថា​កម្មវិធី Facebook Home សម្រាប់​ប្រើ​​នៅ​លើ smart device មួយ​ចំនួន​ដែល​ដំណើរការដោយ​ Android OS  មក​ដល់​ពេល​នេះ​ App ចេញ​ថ្មី​នេះ​ ប្រិយមិត្ត​អាច​​ទាញ​ប្រើ​បាន​ហើយ​នៅលើ Google Play។
នៅ​ពេល​ប្រិយមិត្ត​ដំឡើង Facebook Home រួច​វា​នឹង​ទៅ​ជំនួស Home Screen ចាស់​របស់​អ្នក។ លក្ខណៈ ពិសេស​របស់ App ថ្មី​នេះ​គឺ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ក្នុង​ការ​ឆែក​សកម្មភាព​ ផ្សេងៗ​របស់ Friend ដោយ​ពុំ​ចាំបាច់​ចូល​ទៅ​កម្មវិធី Facebook ឬ​បើក​តាម Browser ដោយ​ផ្ទាល់​នោះ​ឡើយ ពោល​គឺ​មាន​ស្រាប់​នៅ​លើ Facebook Home។
នៅ ​លើ Facebook Home អាច​ឱ្យ​គេ​ប្រើ​មុខងារ​មួយ​ចំនួន​ដូច​ជា៖ Cover Feed សម្រាប់​ពង្រីក​ពង្រួម​រូបភាព ហើយ​ចុច ២ដង ដើម្បី Like លើ​រូប​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។ មុខងារ Chat heads បង្ហាញ​សារ (message) ដែល Friend របស់​អ្នក​ផ្ញើ​មក និង​មុខងារ Gestures សម្រាប់​លុប Notification ជា​បណ្ដុំ​បាន។
តែ​គួរ​ឱ្យ​ស្ដាយ​មាន​តែ smartphone ប្រើ Android OS ប៉ុណ្ណោះ​ដែល​អាច​ប្រើ Facebook Home នេះ​បាន ហើយ​ចំនួន​ក៏​នៅ​មាន​កំណត់​នៅ​ឡើយ គឺ​មាន​តែ​ប៉ុន្មាន​ម៉ូដែល​ប៉ុណ្ណោះ​ដូច​ជា៖ HTC One, HTC One X, HTC One X+, Samsung Galaxy S III និង Samsung Galaxy Note II ប៉ុណ្ណោះ​ដែល​អាច​ទាញ​យក​បាន។ ចំណែក Galaxy S IV ក៏​នឹង​អាច​ប្រើ​បាន​ដែរ​នៅ​ពេល Facebook Home ចេញ​លក់។
Facebook Home 1.0 ឥឡូវ​មាន​ឱ្យ​ទាញ​យក​បាន​នៅ​លើ Google Play Store ហើយ​ជា​មួយ​ទំហំ​ត្រឹម​តែ 258KB ប៉ុណ្ណោះ។ ដើម្បី​ទាញ​យក​ សូម​ចុច​ត្រង់​នេះ
បញ្ជាក់ ​: Facebook Home នេះ​មុន​នឹង​ប្រើ​បាន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ដំឡើង​កម្មវិធី Facebook Messenger និង Facebook App ជំនាន់​ចុង​ក្រោយ​ជា​មុន​សិន។ Facebook Messenger មក​ដល់​ពេល​នេះ​ចេញ​ដល់ version 2.4.2 ហើយ។ ដើម្បី​ទាញ​យក​ សូម​ចុច​ត្រង់​នេះ

Saturday, September 1, 2012

អាយហ្វូន ៥ ជិតចាប់កំណើតហើយ

មិនប៉ុន្មានអាទិត្យខាងមុខនេះទៀត អ្នកនិយមទូរស័ព្ទដៃនឹងអស់ចំងល់ពីពាក្យចចាមអារាម្យ ពីមាត់មួយទៅមាត់មួយថានេះ ឬនោះមិនមែនជា អាយហ្វូនជំនាន់ចុង របស់ក្រុមហ៊ុន អែពផល ទៀតហើយ ព្រោះនៅថ្ងៃទី ២១ ខែកញ្ញា នេះ អាយហ្វួន ៥ នឹងមានដាក់លក់ជាផ្លូវការណ៏នៅទីផ្សារ អាមេរិក។ លក្ខណៈពិសេសនោះគឺ ជាប្រព័ន្ធជំនាន់ទី ៤ និងមានអេក្រង់វែងជាងមុន ទំហំ ៤អ៊ីង បើប្រៀបធៀបទៅនឹង អាយហ្វួន ៤ស ហើយមិនឆ្កូតទៀតផងដែលជាប្រភេទកញ្ចក់ អិលស៊ីឌី។ ចំណែកឯ កន្លែងដោតឌុយសាកវិញ ប្រើតែម្ជុល ៩ ប៉ុណ្ណោះ ដែលពីមុនមានម្ជុលដល់ទៅ ៣០ ឯណោះ។ ប្រភេទទូរស័ព្ទ អាយហ្វួន ថ្មីនេះនឹងបំពាក់មកនូវជាមួយ បច្ចេកវិទ្យា Near Field Communication ដែលអាចប្រើប្រាស់ដូចជាការគិតលុយជំនួស កាតក្រេឌីត បាន។ ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកជំនាញតែប៉ុណ្ណោះ លុះត្រាណាតែ ក្រុមហ៊ុន អែពផល បើកកំផែង អាយហ្វួន សេរីចុងក្រោយរបស់គេទើបយើងទាំងអស់គ្នាដឹងថាការពិតយ៉ាងនោះ។

Wednesday, March 23, 2011

ហ្វាយអ័រហ្វក់ សេរីថ្មីចេញហើយ

អីនធឺណែត ប្រោស័រ
កាលពីបីឆ្នាំមុន ហ្វាយអ័រហ្វក់៣ បានបង្ហាញខ្លួនជាមួយនឹងលទ្ធផលនៃការទាញយក មានចំនួន៨លានដងក្នុងរយៈពេល២៤ម៉ោងដំបូង ដែលជាចំនួនមួយអាចធ្វើការប្រកួតប្រជែងជាមួយនឹង អីនធឺណែត អិក្សផ្លរ័រ របស់ ម៉ាយក្រូសហ្វបាន។  ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះគឺកាលពីម្សិលម្ងៃ ថ្ងៃទី២២ ខែមិនា នេះ ហ្វាយអ័រហ្វក់៤ បានបង្ហោះអោយទាញយកមានចំនួន ៦.៥លានដង ក្នុងរយៈពេលតែក្រោម២៤ម៉ោងលើកដំបូងប៉ុណ្ណោះ(នេះជាទិន្នន័យពីការទាញយក) ដែលចំនូននេះអាចគ្របដណ្តប់ទៅលើ ម៉ាយក្រូសហ្វ អីនធឺណែត អិក្សផ្លរ័រ៩ ដែលបានដាក់អោយប្រើប្រាស់កាលពីថ្ងៃទី១៤ ខែមិនា កន្លងទៅនេះ(លទ្ធផលនៃការទាញយក ក្នុងរយៈពេល២៤ម៉ោងដំបូង)។ ទន្ទឹមនឹងនេះដែរ ការចាប់កំណើតរបស់ ហ្គូហ្គល ក្រូម រយៈពេលជាងបីឆ្នាំមកនេះ ក៏បានធ្វើអោយ អីនធឺណែត ប្រោស័រ ទាំងពីរខាងលើនេះឈឺក្បាលមិនតិចដែរ។

ក្រុមហ៊ុន ម៉ូហ្ស៊ីឡា បានអភិវឌ្ឍន៏ពីសេរី ៣.៦.១៥ ទៅ ហ្វាយអ័រហ្វក់៤ ដែលអាចទទួលយកអ្នកប្រើប្រាស់ជាប្រចាំចំនូន ៤០០លាននាក់។ មានការផ្លាស់ប្តូរជាច្រើនយ៉ាងសំរាប់ ប្រោស័រ ថ្មីនេះដូចជា ទំព័ររូបភាពថ្មី អាចគាំទ្រកម្មវិធី ហេជធីអឹមអែល៥ បាន១០០ភាគរយ និងជាពិសេស ល្បឿនលឿនជាងមុនដល់ទៅ៦ដង។

ល្បឿនរបស់ ប្រោស័រ គឺជាការសំខាន់។ ម៉ូហ្ស៊ីឡា បានកត់សំគាល់ចំពោះ ហ្វាយអ័រហ្វក់៣ ថាត្រូវចំណាយពេល ៦០មីលីវិនាទី ដើម្បីបើកមើល អីម៉ែល ពីសំបុត្រមួយទៅមួយទៀត ហើយបើសំរាប់ ហ្វាយអ័រហ្វក់២ វិញត្រូវចំណាយពេល ២២៧មីលីវិនាទី និង អីនធឺណែត អិក្សផ្លរ័រ៧ គឺ ៤១៣មីលីវិនាទី។

ម៉ូហ្ស៊ីឡា នៅតែជាអ្នកឈានមុខគេផ្នែកអភិវឌ្ឍន៏ ការប្រើប្រាស់នៅលើ វ៉ែបប្រោស័រ ហើយលក្ខណៈពិសេសថ្មីមួយគឺជាការដាក់ដើម្បីទប់ស្កាត់ការតាមដានរបស់ភាគីទីបី ក្នុងគោលបំណងនៃការផ្សាយពាណិជ្ជកម្មដែលហៅថា ឌូណត់ត្រេក

Sunday, March 20, 2011

អេធី អែន ធី ទិញយក ធី ម៉ូបាយ

កាលពីថ្ងៃអាទិត្យនេះ ក្រុមហ៊ុន ទូរស័ព្ទលំដាប់លេខ២នៅសហរដ្ឋអាមេរិក អេ ធី អែន ធី បានធ្វើសេចក្តីប្រកាស ទិញយក ក្រុមហ៊ុនទូរស័ព្ទ ធី ម៉ូបាយ ដែលជាក្រុមហ៊ុនទូរស័ព្ទរបស់ អាល្លីម៉ង់ ក្នុងតំលៃ ៣៩កោដ៏ដុល្លារ។ ការវិនិយោគនេះនឹងធ្វើអោយ អេ ធី អែន ធី ក្លាយជាក្រុមហ៊ុនផ្តល់ប្រព័ន្ធបណ្តាញវិទ្យាធំជាងគេ នៅសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកប្រើប្រាស់សរុបដល់ទៅ ១២៥លាននាក់ លើលចំនួនអ្នកប្រើប្រាស់របស់ក្រុមហ៊ុន វែរីសិន ដែលមានត្រឹមតែ ៩៣លាន តែប៉ណ្ណោះ។

អេ ធី អែន ធី និង ធី ម៉ូបាយ ជាក្រុមហ៊ុនប្រើប្រព័ន្ធ ជី អេស អឹម ដូចគ្នា។ ទាំងពីរក្រុមហ៊ុនមានគំរោង នឹងដាក់ពង្រាយប្រព័ន្ធ ជំនាន់ទី៤(៤ជី) នៅរដូវប្រាំងខាងមុខនេះ។ ហើយបច្ចុប្បន្នកំពុងតែអភិវឌ្ឍន៏ ប្រព័ន្ធបណ្តាញវិទ្យាចុងក្រោយ ប្រព័ន្ធឥតខ្សែ ជំនាន់ទី៣ ដែលហៅថា ហេជ អេស ភី អេ។ ទោះបីជាប្រព័ន្ធ ហេជ អេស ភី អេ នេះ មិនលឿន ខ្លាំង ដូចជាប្រព័ន្ធ អិល ធី អ៊ី (ជំនាន់ទី៤) របស់ វែរីសិន យ៉ាងណាក៏ដោយ តែការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ បានធ្វើអោយមានការភ្ញាក់ផ្មើលជាខ្លាំង ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់។

Wednesday, March 2, 2011

អាយផេត ២ នឹងមានដាក់លក់ក្នុងពេលឆាប់ៗនេះហើយ

អាយផេត ២
អាយផេត ទី២ នឹងមានចរាចរណ៏នៅលើទីផ្សារ សហរដ្ថអាមេរិក នៅថ្ងៃទី ១១ ខែ មិនា នេះហើយ។
នាយកប្រត្តិបត្តក្រុមហ៊ុន អែពផល ស្ទីវ ចប បាននិយាយកាលពីថ្ងៃពុធ ម្សិលម៉ិញនេះថា "អាយផេត ថ្មីនេះ មានល្បឿនលឿនជាងមុន២ដង និងមានប្រព័ន្ធជួយជំរុញដំណើរការរូបភាព បានលឿនជាងមុនដល់ទៅ៩ដងឯណោះ។ ចំពោះកំរាស់វិញគឺស្តើងជាងមុនដល់ទៅ ៣៣ភាគរយ និងស្រាលជាង ១០ក្រាម នៃទំងន់ដើម ៦៩ក្រាម ហើយមានពណ៌ជាច្រើន សំរាប់អោយជ្រើសរើស ជាពិសេស ស និង ខ្មៅ។ បន្ថែមពីលើនេះទៀត អាយផេត នេះ បានភ្ជាប់មកនូវជាមួយកែវថត២ មួយសំរាប់សាលប្រជុំ និងមួយទៀតសំរាប់និយាយឃើញមុខគ្នា។ ចំពោះកែវថតខាងក្រោយមានទំហំ ៧២០ភីក្សល និងកែវថតខាងមុខ ភ្ជាប់មកជាមួយប្រព័ន្ធ វី ជី អេ ដែលល្អសំរាប់ថត រូបសន្លឹក និងភាពយន្ត"។
នេះគឺជាតំលៃរបស់ អាយផេត ២ ដែលមានប្រព័ន្ធ វ៉ាយ-ហ្វាយ និង ជំនាន់ទី៣ 
+ ១៦ហ្គីក = ៦២៩ដុល្លារ
+ ៣២ហ្គីក = ៧២៩ដុល្លារ
+ ៦៤ហ្គីក = ៨២៩ដុល្លារ 

Friday, February 11, 2011

ណូគា និង ម៉ាយក្រូសហ្វ បានចាប់ដៃគ្នាហើយ

ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ
នៅឯសន្និសិតកាសែតការវិនិយោកប្រចាំឆ្នាំ លោកនាយកប្រត្តិបត្ត របស់ក្រុមហ៊ុន ណូគា បានប្រកាសជ្រើសយក វិនដូរ ហ្វូនសេវិន ជាប្រព័ន្ធប្រត្តិបត្តការចម្បង សំរាប់ទូរស័ព្ទទំនើបរបស់ខ្លួន ។ សម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែសង្កត់ធ្ងន់ទៅលើ ប្រព័ន្ធប្រត្តិបត្តការប៉ុណ្ណោះទេ គំរោងនឹងចូលទៅជ្រៅរួមគ្នាពង្រឹង ខ្សែសង្វាក់ផលិតកម្ម និង សេវា ដែលហៅថា Third Ecosystem ដើម្បីប្រកួតប្រជែងជាមួយនឹង អែពផល អាយអូអេស ក៏ដូចជា ហ្គូហ្គល អែនឌ្រយ។

មិនដូចជាការធ្វើដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនដ៏ទៃទៀត ម៉ាយក្រូសហ្វ នឹងធ្វើសមាហរណកម្ម បច្ចេកវិទ្យាយ៉ាងទូលំទូលាយជាមួយ ណូគា ដោយនាំមកនូវផលិតផលជាច្រើនដូចជា ម៉ាស៊ីនស្វែងរក ប៉ីង និង ប្រព័ន្ធផ្សាយពាណិជ្ជកមផ្សេងទៀត ដែលនឹងអាចធ្វើអោយ ណូគា មានឥទ្ធិពលកាន់តែខ្លាំងជាមុនទៅទៀត។

សឺត អេកូស៊ីសស្តឹម
ម៉ាយក្រូសហ្វ យល់ច្បាស់ពីតំលៃជាម្ចាស់ផ្នែក សហ្វវ៉ែ ផង និង ហាតវ៉ែ ផងរបស់ អែពផល ដូច្នេះហើយបានជា ម៉ាយក្រូសហ្វ មានបំណងចង់ប្រកួតប្រជែងជាមួយ អែពផល អាយផត់ តែមិនបានសំរេច ទើបងាកមកសហការណ៏ជាមួយ ណូគា ដែលជាអ្នកឈានមុខគេផ្នែកទូរស័ព្ទដៃ (មិនមែនទូរស័ព្ទទំនើប) ដើម្បីអភិវឌ្ឍន៏នូវអ្វីៗដែលថ្មីដូចជា ទីផ្សារមុខងារទូរស័ព្ទ ស្ថានីយ៍ហ្គេម និង សេវាកម្មដ៏ទៃជាច្រើនទៀត។

ណូគា ក៏បានប្រាប់ពីមូលហេតុដែលមិនជ្រើសយក ហ្គូហ្គល អែនឌ្រយ ជាប្រព័ន្ធប្រត្តិបត្តការចំប្បង របស់ខ្លួននោះមកពី អែនឌ្រយ មានដៃគូពាណិជ្ជកម្មច្រើនសំរាប់ទូរស័ព្ទទំនើប ដូច្នេះហើយមិនមាន ពេលវេលាពេញលេញសំរាប់គិតគូរពីយុទ្ធសាស្ត្រ អេកូស៊ីសស្តឹម របស់ខ្លួន។ ជាមួយ ម៉ាយក្រូសហ្វ ណូគា សង្ឃឹមថានឹងមានលក្ខណៈខុសប្លែកពីអ្នកដ៏ទៃ មិនដូចជា សេមស៊ុង, ម៉ូតូរ៉ូឡា, អិលជី ឬ ហេជធីស៊ី ជាដើម ដែលមានរូបភាព និងមុខងារប្រើប្រាស់ស្ទើរតែដូចគ្នាទាំងស្រុង។

តែទោះជាយ៉ាងណាបន្ទាប់ពីសមាហរណ៏កម្មធ្វើការប្រកាសរួចហើយ ផ្សារហ៊ុនរបស់ ណូគា នៅ ហែលស៊ីនឃី និង ហ្វីនឡែន បានធ្លាក់ចុះ ១២ ភាគរយ។

Monday, February 7, 2011

ស្ព្រីន លាតត្រដាង Kyocera Echo ដែលមានកញ្ចក់ចុចពីរផ្ទាំង

Kyocera Echo
ក្រុមហ៊ុន ស្ព្រីន បានស្រាយកញ្ចប់កាដួ ដែលបង្ហាញអំពីទូរស័ព្ទ ទំនើបក កញ្ចក់ចុចពីរផ្ទាំង មុនដំបូងគេបំផុតនៅឯព្រឹត្តិការណ៏ ដ៏អស្ចារ្យមួយក្នុងក្រុងញូយ៉កថ្ងៃនេះ។ ឃីយ៉ូស៊ីរ៉ា អីកូ នឹងមានវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិក នាចុងនិទាឃរដូវឆ្នាំនេះ ដែលមានតំលៃ ១៩៩.៩៩ដុល្លារ ជាមួយនឹងការភ្ជាប់ប្រព័ន្ធ រយៈពេលពីរឆ្នាំ។ អេកូ មានទំហំកញ្ចក់ ៣.៥អីង និងក្រវិលភ្ជាប់ ផ្គុំកញ្ចក់ទាំងពីរទៅជាទំហំ ៤.៧អីង។ ជាមួយនឹងប្រព័ន្ធ អេនឌ្រយ ២.២ លោកអ្នកអាចប្រើ ឧបករណ៏នេះបានរបៀបបួនបែបៈ
១. ស្តង់ដារ អេកូ អាចប្រើជាលក្ខណៈទូរស័ព្ទទំនើបធម្មតាក៏បាន ដោយប្រើតែកញ្ចក់មួយចំហៀង។
២. ឧបករណ៏យួរដៃ នៅពេលដែលអ្នកលាតកញ្ចក់ទាំងពីរអោយអស់មក អ្នកនឹងអាចភ្ជាប់រូបភាពពី អេក្រង់ មួយទៅមួយទៀតបាន ហើយប្រើប្រាស់ដូចឧបករណ៏យួរដៃដ៏ទៃទៀតដែរ។
៣. អប់ធីម៉ាយ បែបនេះបានបន្ថែមភាពជឿនលឿនទៅដល់ អេកូ មួយកំរិតទៀត។ ឧទាហរណ៏ៈ បើសិនជាអ្នកបើកមើល អីម៉ែល អ្នកនឹងឃើញចំណងជើងនៅក្នុង ប្រអប់ នៅលើកញ្ចក់ទីមួយ ឯនៅលើកញ្ចក់ទីពីរអ្នកនឹងឃើញ ខ្លឹមសារពេញលេញនៃសំបុត្រនិមួយៗ។ ឧទាហរណ៏មួយទៀតៈ អ្នកអាចមើលរូបភាពពេញកញ្ចក់ ខាងលើបាន ជាមួយកញ្ចក់ខាងក្រោមពេញទៅដោយរូបភាពទូចៗ ដែលអ្នកចង់បង្ហាញជាបន្តបន្ទាប់ ទៀតនោះ។
 ៤. ស៊ីម៉ាល់ថាស្ក អាចអោយអ្នកប្រើប្រាស់ធ្វើការរួមគ្នាពីរនៅក្នុងពេលតែមួយ ដូចជាៈ ឆែក អីម៉ែល នៅលើកញ្ចក់មួយ ស្របពេលដែលកំពុងមើលភាពយន្តនៅលើកញ្ចក់មួយទៀត។

លក្ខណៈផ្សេងទៀតរបស់ ឃីយ៉ូស៊ីរ៉ា អេកូ មានដូចជា ទំហំបេះដូង ១ហ្គីក, កែវថត ៥ម៉េហ្កាភីក្សល់
ជាមួយនឹង លទ្ធភាពថតចំលងភាពយន្ត ៧២០ភី ប្រភេទ ហេជឌី។ ចំណែកឯថ្មវិញ បើសិនជានិយាយជាប់រហូត អាចបានរយៈពេលប្រាំម៉ោង។